គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 28:12-24 Khmer Standard Version (KHSV)

12. ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះ‌ករុណា​ជា​ព្រះ‌បាទ​សូល​ទេ​តើ!»។

13. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។

14. ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់‌ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះ‌បាទ​សូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាំយូ‌អែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះ‌ភ័ក្ត្រ​ដល់​ដី។

15. លោក​សាំយូ‌អែល​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

16. លោក​សាំយូ‌អែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះ‌អង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។

17. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា ស្រប​តាម​ព្រះ‌បន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះ‌អង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះ‌ករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ

18. ដ្បិត​ព្រះ‌ករុណា​ពុំ​បាន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ គឺ​ព្រះ‌ករុណា​ពុំ​បាន​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ។

19. ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។

20. រំពេច​នោះ ព្រះ‌បាទ​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាំយូ‌អែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះ‌បាទ​សូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះ‌ស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

21. ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌ករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះ‌ករុណា។

22. ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ​ម្ចាស់​សិន សូម​រាជា‌នុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀបចំ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​សោយ ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។

23. ព្រះ‌បាទ​សូល​ប្រកែក​មិន​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បម្រើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្ដេច​ក៏​យល់​ព្រម។ ស្ដេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។

24. ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំប៉័ង​ឥត​មេ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 28