គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 27:4-12 Khmer Standard Version (KHSV)

4. មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។

5. ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា! ប្រសិន​បើ​ស្ដេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ទូលបង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ទូលបង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះ‌ករុណា​ឡើយ?»។

6. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

7. លោក​ដាវីឌ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។

8. លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន‌ជាតិ​កេស៊ូ‌រី ទឹក​ដី​របស់​ជន‌ជាតិ​កេ‌ស៊ើរ និង​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។ ពី​ដើម ជន‌ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។

9. លោក​ដាវីឌ​វាយ​កម្ទេច​ទឹក​ដី​នោះ ឥត​ទុក​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី​ណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា អូដ និង​សម្លៀក‌បំពាក់ ហើយ​ត្រឡប់​មក​វិញ គាល់​ព្រះ‌បាទ​អគីស។

10. ពេល​ព្រះ‌បាទ​អគីស​សួរ​លោក​ដាវីឌ​ថា «តើ​ថ្ងៃ​នេះ លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» លោក​ដាវីឌ​តែងតែ​ទូល​ស្ដេច​ថា «ទូលបង្គំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា» ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ា‌ម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។

11. លោក​ដាវីឌ​ពុំ​ដែល​ទុក​ជីវិត​ឲ្យ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយ‌ការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។

12. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌បាទ​អគីស​ជឿ​ទុក​ចិត្ត​លើ​លោក​ដាវីឌ ព្រោះ​ស្ដេច​គិត​ថា៖ «ដាវីឌ​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល ជា​ជន‌ជាតិ​របស់​ខ្លួន​ស្អប់​យ៉ាង​ខ្លាំង។ ដូច្នេះ ដាវីឌ​នឹង​បម្រើ​យើង​រហូត​ត​ទៅ»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 27