1. លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។
2. លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។
3. លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
4. មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។
5. ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយឲ្យទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរឲ្យទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។
6. នៅថ្ងៃនោះ ព្រះបាទអគីសប្រទានក្រុងស៊ីគឡាក់ឲ្យលោក។ ហេតុនេះហើយបានជាក្រុងនោះនៅជាកម្មសិទ្ធិរបស់ស្ដេចយូដា រហូតមកដល់សព្វថ្ងៃ។
7. លោកដាវីឌស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលមួយឆ្នាំបួនខែ។