គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 27:1-6 Khmer Standard Version (KHSV)

1. លោក​ដាវីឌ​រិះគិត​ថា៖ «ថ្ងៃ​ណា​មួយ ព្រះ‌បាទ​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ភីលីស្ទីន​ទេ ធ្វើ​ដូច្នេះ ព្រះ‌បាទ​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច»។

2. លោក​ដាវីឌ​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ​មួយ​រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ព្រះ‌បាទ​អគីស ជា​បុត្រ​របស់​ព្រះ‌បាទ​ម៉ាអុក និង​ជា​ស្ដេច​ក្រុង​កាថ។

3. លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះ‌បាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។

4. មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។

5. ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា! ប្រសិន​បើ​ស្ដេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ទូលបង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ទូលបង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះ‌ករុណា​ឡើយ?»។

6. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 27