គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:9-22 Khmer Standard Version (KHSV)

9. ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់‌ចាំ​ចម្លើយ។

10. លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​អ៊ីសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់!

11. តើ​គួរ​ឲ្យ​អញ​យក​នំប៉័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។

12. ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ជម្រាប​លោក​ដាវីឌ។

13. លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

14. មាន​អ្នក​បម្រើ​ម្នាក់​របស់​លោក​ណាបាល​រត់​មក​ជម្រាប​នាង​អប៊ី‌កែល ជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន ឲ្យ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។

15. តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។

16. ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។

17. ឥឡូវ​នេះ សូម​អ្នក​ស្រី​គិត‌គូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្ត‌រាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។

18. នាង​អប៊ី‌កែល​ប្រញាប់‌ប្រញាល់​យក​នំប៉័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀបចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង‌បាយជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា

19. រួច​បញ្ជា​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ី‌កែល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​ឲ្យ​ដឹង​ទេ។

20. នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។

21. លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោ‌ស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។

22. ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់‌ធ្ងរ​ចុះ»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25