គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:4-13 Khmer Standard Version (KHSV)

4. ពេល​លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។

5. លោក​ដាវីឌ​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើមែល ហើយ​សួរ​សុខ​ទុក្ខ​លោក​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​លោក​ថា

6. “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ!

7. ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កើមែល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។

8. លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជម្រាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ​ប្របាទ និង​ឲ្យ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។

9. ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់‌ចាំ​ចម្លើយ។

10. លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​អ៊ីសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់!

11. តើ​គួរ​ឲ្យ​អញ​យក​នំប៉័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។

12. ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ជម្រាប​លោក​ដាវីឌ។

13. លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​ឲ្យ​នៅ​រក្សា​របស់​របរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25