គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:36-44 Khmer Standard Version (KHSV)

36. ពេល​នាង​អប៊ី‌កែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់‌លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃ‌លែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។

37. លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុ‌ការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះ‌ដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។

38. ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះ‌អម្ចាស់​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណ‌ភាព។

39. កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះ‌អង្គ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។

40. ពួក​អ្នក​បម្រើ​របស់​លោក​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ី‌កែល នៅ​ភូមិ​កើមែល ហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។

41. នាង​អប៊ី‌កែល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់»។

42. នាង​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បម្រើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។

43. ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀប‌ការ​ជា​មួយ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេសរាល​ដែរ។ ដូច្នេះ នាង​អហ៊ី‌ណោម និង​នាង​អប៊ី‌កែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។

44. រីឯ​ភរិយា​ទី​មួយ​របស់​លោក​ដាវីឌ គឺ​ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ព្រះ‌បាទ​សូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់‌ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25