គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:28-35 Khmer Standard Version (KHSV)

28. សូម​លោក​មេត្តា​អត់‌ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះ‌អម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់‌វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។

29. មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជា‌និច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះ‌អង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។

30. នៅ​ពេល​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះ‌អង្គ​តែង‌តាំង​លោក​ជា​មគ្គុទេ្ទសក៍​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល

31. លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្ដាយ ឬ​មាន​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង‌សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។

32. លោក​ដាវីឌ​តប​ទៅ​នាង​អប៊ី‌កែល​វិញ​ថា៖ «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។

33. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង‌សឹក​ដោយ​ផ្ទាល់​ដៃ។

34. ព្រះ‌អម្ចាស់​ពិត​ជា​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់‌ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។

35. លោក​ដាវីឌ​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ី‌កែល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25