គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 25:22-30 Khmer Standard Version (KHSV)

22. ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់‌ធ្ងរ​ចុះ»។

23. ពេល​នាង​អប៊ី‌កែល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយ‌បង្គំ​លោក​ដាវីឌ​អោន​មុខ​ដល់​ដី។

24. នាង​ក្រាប​សំពះ​បាត​ជើង​លោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង!

25. សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្ត‌ចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​ឲ្យ​ទៅ​នោះ​ទេ។

26. លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ‌អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សង‌សឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។

27. សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​ឲ្យ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។

28. សូម​លោក​មេត្តា​អត់‌ទោស​ឲ្យ​នាង​ខ្ញុំ​ផង។ ព្រះ‌អម្ចាស់​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់‌វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។

29. មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជា‌និច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះ‌អង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។

30. នៅ​ពេល​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះ‌អង្គ​តែង‌តាំង​លោក​ជា​មគ្គុទេ្ទសក៍​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 25