1. នៅគ្រានោះ លោកសាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រាអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។
2. នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
3. បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
4. ពេលលោកដាវីឌនៅវាលរហោស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។
5. លោកដាវីឌចាត់យុវជនដប់នាក់ឲ្យទៅជួបលោកណាបាល ទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខលោកឲ្យខ្ញុំផង។ ត្រូវជម្រាបលោកថា
6. “សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្ដីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្ដីសុខដែរ!
7. ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។
8. លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំប្របាទ និងឲ្យខ្ញុំ ដាវីឌ ដែលជាកូនចៅរបស់លោកផង”»។
9. ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមលោកដាវីឌ រួចពួកគេរង់ចាំចម្លើយ។
10. លោកណាបាលឆ្លើយតបថា៖ «តើដាវីឌនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!
11. តើគួរឲ្យអញយកនំប៉័ង យកទឹក និងសាច់ ដែលអញបានបម្រុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។
12. ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបលោកដាវីឌ។
13. លោកដាវីឌក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយលោកដាវីឌក៏សៀតដាវនៅចង្កេះដែរ។ លោកនាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។