គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 24:1-13 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោ‌ស្ថាន​អេន-‌គេឌី»។

2. ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។

3. ព្រះ‌បាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។

4. អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល។

5. ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌បាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។

6. លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ព្រះ‌អម្ចាស់​ទប់​ខ្ញុំ កុំ​ឲ្យ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះ‌រាជា ដែល​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ជា​ស្ដេច​នេះ​ទេ»។

7. លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយ‌សារ​ពាក្យ​សម្ដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​គុត​ព្រះ‌បាទ​សូល។ ព្រះ‌បាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

8. បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះ‌បាទ​សូល​ងាក​មក លោក​ដាវីឌ​អោន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។

9. លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះ‌ករុណា”ដូច្នេះ?

10. ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។

11. បពិត្រ​ព្រះ‌បិតា សូម​ទត​មើល​មក​ជាយ​ព្រះ‌ភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះ‌អង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះ‌អង្គ​ដែរ គឺ​មាន​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។

12. សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ

13. ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ឡើយ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 24