គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 23:2-13 Khmer Standard Version (KHSV)

2. លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។

3. ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជម្រាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។

4. លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ជា​ថ្មី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។

5. លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។

6. កាល​លោក​អបៀ‌ថើរ​ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។

7. មាន​គេ​មក​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះ‌បាទ​សូល​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។

8. ព្រះ‌បាទ​សូល​ប្រមូល​កង‌ទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោម‌ព័ទ្ធ​ចាប់​លោក​ដាវីឌ និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។

9. លោក​ដាវីឌ​ជ្រាប​អំពី​គម្រោង‌ការ​អាក្រក់​ដែល​ព្រះ‌បាទ​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​ឲ្យ​បូជា‌ចារ្យ​អបៀ‌ថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះ‌អម្ចាស់។

10. លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទូលបង្គំ​ឮ​ថា ព្រះ‌បាទ​សូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កម្ទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។

11. តើ​អ្នក​ក្រុង​កៃឡា​នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​មេត្តា​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្ដេច​សូល​នឹង​មក​មែន»។

12. លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។

13. ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្ដេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 23