គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 22:16-23 Khmer Standard Version (KHSV)

16. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អហ៊ី‌ម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។

17. ស្ដេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំ‌វិញ​ស្ដេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ដាវីឌ​ដែរ គឺ​ពួក​គេ​ដឹង​ថា ដាវីឌ​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ឡើយ។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជា‌ចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជា‌ចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។

19. បន្ទាប់​មក ព្រះ‌បាទ​សូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​បូជា‌ចារ្យ។

20. ប៉ុន្តែ លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។

21. លោក​អបៀ‌ថើរ​ជម្រាប​លោក​ដាវីឌ​ថា ព្រះ‌បាទ​សូល​បាន​សម្លាប់​រង្គាល​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់។

22. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀ‌ថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន‌ជាតិ​អេដុម នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា​គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ថ្វាយ​ស្ដេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។

23. ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ លោក​នឹង​បាន​សេចក្ដី​សុខ»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 22