គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 22:1-5 Khmer Standard Version (KHSV)

1. លោក​ដាវីឌ​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។

2. ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្ដេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។

3. បន្ទាប់​មក លោក​ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់។ លោក​ទូល​ស្ដេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ទូលបង្គំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​ពេល​ទូលបង្គំ​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ទូលបង្គំ»។

4. លោក​ដាវីឌ​បាន​នាំ​ឪពុក‌ម្ដាយ​ចូល​គាល់​ស្ដេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្ដេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។

5. ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជម្រាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហារេក។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 22