ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 22 Khmer Standard Version (KHSV)

លោក​ដាវីឌ​រៀបចំ​កង‌ទ័ព​របស់​លោក

1. លោក​ដាវីឌ​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។

2. ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្ដេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។

3. បន្ទាប់​មក លោក​ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់។ លោក​ទូល​ស្ដេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ទូលបង្គំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​ពេល​ទូលបង្គំ​ដឹង​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ទូលបង្គំ»។

4. លោក​ដាវីឌ​បាន​នាំ​ឪពុក‌ម្ដាយ​ចូល​គាល់​ស្ដេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្ដេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។

5. ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជម្រាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហារេក។

ស្ដេច​សូល​សម្លាប់​រង្គាល​ពួក​បូជា‌ចារ្យ​នៅ​ភូមិ​ណូប

6. ព្រះ‌បាទ​សូល​ជ្រាប​ថា មាន​គេ​ឃើញ​លោក​ដាវីឌ និង​បក្ស​ពួក។ ពេល​នោះ ស្ដេច​កំពុង​គង់​នៅ​ភូមិ​គីបៀរ ក្រោម​ម្លប់​ម៉ៃសាក់​នៅ​លើ​ភ្នំ ស្ដេច​កាន់​លំពែង​មួយ ហើយ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំ‌វិញ។

7. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​បេន‌យ៉ាមីន​អើយ! ចូរ​ស្ដាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្ដល់​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឬ​ទេ?

8. អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា បុត្រ​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា បុត្រ​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។

9. លោក​ដូអេក ជន‌ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ទូល​ស្ដេច​ថា៖ «ទូលបង្គំ​បាន​ឃើញ​កូន​របស់​លោក​អ៊ីសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប។

10. លោក​អហ៊ី‌ម៉ាឡេក​បាន​ទូល​សួរ​ព្រះ‌អម្ចាស់ តាម​សំណូម​ពរ​របស់​ដាវីឌ។ លោក​បាន​ផ្ដល់​ស្បៀង​អាហារ និង​ឲ្យ​ដាវ​របស់​កូលី‌យ៉ាត​ជា​ជន‌ជាតិ​ភីលីស្ទីន ទៅ​គាត់​ផង»។

11. ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក និង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​ណូប​ឲ្យ​មក។ ពួក​គេ​ក៏​មក​គាល់​ស្ដេច​ទាំង​អស់​គ្នា។

12. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ី‌ទូប!»។ លោក​បូជា‌ចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។

13. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្ដល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះ‌ជាម្ចាស់ តាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។

14. លោក​អហ៊ី‌ម៉ាឡេក​ទូល​ស្ដេច​ថា៖ «ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​លោក​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះ‌ករុណា ជា​មេ‌ទ័ព​នៃ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់‌ខ្ពស់​ក្នុង​វាំង​ផង។

15. ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ទូលបង្គំ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ជូន​លោក។ ទូលបង្គំ​គ្មាន​គំនិត​ក្បត់​ព្រះ‌ករុណា​សោះ! សូម​ព្រះ‌ករុណា​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ទូលបង្គំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ពុំ​បាន​ដឹង​រឿង‌រ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្ដី»។

16. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អហ៊ី‌ម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។

17. ស្ដេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំ‌វិញ​ស្ដេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ដាវីឌ​ដែរ គឺ​ពួក​គេ​ដឹង​ថា ដាវីឌ​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​ឡើយ។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជា‌ចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជា‌ចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។

19. បន្ទាប់​មក ព្រះ‌បាទ​សូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​បូជា‌ចារ្យ។

20. ប៉ុន្តែ លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ី‌ទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។

21. លោក​អបៀ‌ថើរ​ជម្រាប​លោក​ដាវីឌ​ថា ព្រះ‌បាទ​សូល​បាន​សម្លាប់​រង្គាល​ពួក​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់។

22. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀ‌ថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន‌ជាតិ​អេដុម នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា​គាត់​ប្រាកដ​ជា​ទៅ​រាយ‌ការណ៍​ថ្វាយ​ស្ដេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។

23. ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ លោក​នឹង​បាន​សេចក្ដី​សុខ»។