គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 21:1-10 Khmer Standard Version (KHSV)

1. លោក​ដាវីឌ​ទៅ​រក​លោក​បូជា‌ចារ្យ*​អហ៊ី‌ម៉ាឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ី‌ម៉ាឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។

2. លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «ព្រះ‌ករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។

3. ឥឡូវ​នេះ តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្ដល់​នំប៉័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។

4. លោក​បូជា‌ចារ្យ​តប​ទៅ​លោក​ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំប៉័ង​ធម្មតា​ទេ មាន​តែ​នំប៉័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។

5. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។

6. ពេល​នោះ លោក​បូជា‌ចារ្យ​ប្រគល់​នំប៉័ង ដែល​គេ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​ដាវីឌ ដ្បិត​គ្មាន​នំប៉័ង​ណា​ផ្សេង​ក្រៅ​ពី​នំប៉័ង​នេះ​ឡើយ។ គេ​បាន​ដក​នំប៉័ង​នេះ​ចេញ​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដែល​ដាក់​នំប៉័ង​ថ្មី​ជំនួស។

7. ថ្ងៃ​នោះ រាជ​បម្រើ​ម្នាក់​របស់​ព្រះ‌បាទ​សូល​ស្ថិត​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន‌ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្ដេច។

8. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។

9. លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​ជន‌ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ*។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។

10. នៅ​ថ្ងៃ​ដដែល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​ទៅ​ជួប​ព្រះ‌បាទ​អគីស នៅ​ក្រុង​កាថ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 21