គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 20:31-42 Khmer Standard Version (KHSV)

31. តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។

32. សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។

33. ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។

34. សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។

35. ព្រឹក​ឡើង សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។

36. សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណា‌ថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។

37. ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្ដេច​យ៉ូណា‌ថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ!

38. ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។

39. វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្ដេច​យ៉ូណា‌ថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។

40. សម្ដេច​យ៉ូណា‌ថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទីក្រុង​វិញ។

41. ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​សម្ដេច​យ៉ូណា‌ថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។

42. បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា “សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ លោក​ដាវីឌ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 20