គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 20:21-40 Khmer Standard Version (KHSV)

21. បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ!

22. ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

23. ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។

24. លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះ‌បាទ​សូល​គង់​សោយ​ព្រះ‌ស្ងោយ​ក្នុង​ពិធី​ជប់‌លៀង។

25. ស្ដេច​គង់​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្ដេច​យ៉ូណា‌ថាន​គង់​នៅ​ទល់​មុខ លោក​អប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​ស្ដេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។

26. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្ដេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន។

27. នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សូល​សួរ​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។

28. សម្ដេច​យ៉ូណា‌ថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូលបង្គំ​ទៅ​ឯ​បេថ្លេ‌ហិម

29. ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្ដាំ​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្ដេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប‌ជុំ​បង‌ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​របស់​បិតា»។

30. ព្រះ‌បាទ​សូល​ខ្ញាល់​នឹង​សម្ដេច​យ៉ូណា‌ថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន!

31. តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​វា​នាំ​មក​ឲ្យ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។

32. សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។

33. ព្រះ‌បាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណា‌ថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សម្រេច​ព្រះ‌ហឫទ័យ​សម្លាប់​លោក​ដាវីឌ។

34. សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។

35. ព្រឹក​ឡើង សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។

36. សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណា‌ថាន​បាញ់​ព្រួញ​រំលង​ឲ្យ​ឆ្ងាយ​ពី​វា។

37. ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្ដេច​យ៉ូណា‌ថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ!

38. ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។

39. វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្ដេច​យ៉ូណា‌ថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។

40. សម្ដេច​យ៉ូណា‌ថាន​ប្រគល់​ធ្នូ និង​ព្រួញ​ឲ្យ​ក្មេង​បម្រើ ហើយ​ប្រាប់​វា​ឲ្យ​យក​ទៅ​ទីក្រុង​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 20