គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 20:11-24 Khmer Standard Version (KHSV)

11. សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។

12. សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះ‌ហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ទ្រង់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ

13. សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ប្អូន ដូច​ព្រះ‌អង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។

14. ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​មក​ពី​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។

15. ទោះ​បី​ព្រះ‌អម្ចាស់​ផ្ដាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្ដង​មួយៗ​អស់​ពី​ផែនដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​នេះ​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។

16. ដូច្នេះ សម្ដេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​ដាវីឌ និង​កូន​ចៅ​របស់​លោក ដោយ​ពោល​ថា៖ «បើ​លោក​ដាវីឌ​មិន​គោរព​សម្ពន្ធ‌មេត្រី​នេះ​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​លោក តាម​រយៈ​ខ្មាំង​សត្រូវ!»។

17. សម្ដេច​យ៉ូណា‌ថាន​បាន​សុំ​ឲ្យ​លោក​ដាវីឌ​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សម្ដេច​មាន​ចំពោះ​រូប​លោក ដ្បិត​សម្ដេច​យ៉ូណា‌ថាន​ស្រឡាញ់​លោក​ដាវីឌ ដូច​ស្រឡាញ់​ខ្លួន​ឯង។

18. សម្ដេច​យ៉ូណា‌ថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅ‌អី​របស់​ប្អូន​នៅ​ទំនេរ។

19. ខាន​ស្អែក ប្អូន​ត្រូវ​ចុះ​ទៅ​កន្លែង​ដែល​ប្អូន​បាន​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​មុន​នោះ គឺ​ប្អូន​ត្រូវ​ទៅ​ពួន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អេ‌សែល។

20. ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​មួយ។

21. បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខ‌សាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ!

22. ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បម្រើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។

23. ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។

24. លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះ‌បាទ​សូល​គង់​សោយ​ព្រះ‌ស្ងោយ​ក្នុង​ពិធី​ជប់‌លៀង។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 20