គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 20:1-14 Khmer Standard Version (KHSV)

1. លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

2. សម្ដេច​យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្ដី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ទ្រង់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន ទ្រង់​មិន​លាក់​ទេ»។

3. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាមប៉ុណ្ណោះ»។

4. សម្ដេច​យ៉ូណា‌ថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។

5. លោក​ដាវីឌ​តប​ទៅ​សម្ដេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។

6. បិតា​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្ដេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូលបង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។

7. ប្រសិន​បើ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្ដេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។

8. ដូច្នេះ សូម​បង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។

9. សម្ដេច​យ៉ូណា‌ថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សម្រេច​ព្រះ‌ហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។

10. លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។

11. សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។

12. សម្ដេច​យ៉ូណា‌ថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះ‌ហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ទ្រង់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ

13. សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​ឲ្យ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​ឲ្យ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​ប្អូន ដូច​ព្រះ‌អង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។

14. ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​មក​ពី​ព្រះ‌អម្ចាស់ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 20