គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 2:18-25 Khmer Standard Version (KHSV)

18. កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

19. រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។

20. លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

21. ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

22. លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះ‌ពន្លា។

23. លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។

24. កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!

25. ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះ‌ជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះ‌អម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 2