គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 2:11-23 Khmer Standard Version (KHSV)

11. បន្ទាប់​មក លោក​អែលកា‌ណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​អេលី។

12. កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

13. ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខ‌ងារ​ជា​បូជា‌ចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។

14. អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជា‌ចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញ‌បូជា​នៅ​ស៊ីឡូ។

15. ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជា‌ចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។

16. ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។

17. អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះ‌អង្គ។

18. កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

19. រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។

20. លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

21. ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

22. លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះ‌ពន្លា។

23. លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 2