គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 19:8-19 Khmer Standard Version (KHSV)

8. សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។

9. ថ្ងៃ​មួយ ព្រះ‌បាទ​សូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌អម្ចាស់​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។

10. រំពេច​នោះ ព្រះ‌បាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។

11. ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។

12. ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។

13. បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។

14. នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។

15. ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។

16. ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។

17. ព្រះ‌បាទ​សូល​សួរ​ព្រះ‌នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះ‌នាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។

18. ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាំយូ‌អែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណា‌យ៉ូត។

19. មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 19