គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 19:7-15 Khmer Standard Version (KHSV)

7. បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះ‌បាទ​សូល។ លោក​ដាវីឌ​ក៏​នៅ​បម្រើ​ព្រះ‌បាទ​សូល ដូច​ពី​មុន។

8. សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។

9. ថ្ងៃ​មួយ ព្រះ‌បាទ​សូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌អម្ចាស់​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។

10. រំពេច​នោះ ព្រះ‌បាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។

11. ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។

12. ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។

13. បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។

14. នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។

15. ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 19