គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 18:13-27 Khmer Standard Version (KHSV)

13. ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែង‌តាំង​លោក​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង

14. ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យ‌ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។

15. ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យ‌ជំនះ​ជា​ច្រើន​ដូច្នេះ ព្រះ‌បាទ​សូល​ខ្លាច​លោក​ក្រៃ‌លែង។

16. ផ្ទុយ​ទៅ​វិញ ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។

17. ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះ‌អម្ចាស់»។

18. លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?»។

19. ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ‌នាង​ម៉្រាម នោះ​ព្រះ‌បាទ​សូល​បែរ​ជា​លើក​នាង​ទៅ​ឲ្យ​លោក​អទ្រី‌អែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។

20. ពេល​នោះ ព្រះ‌នាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​គាប់​ព្រះ‌ហឫទ័យ​ណាស់។

21. ព្រះ‌បាទ​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះ‌បាទ​សូល​ស្នើ​ជា​លើក​ទី​ពីរ​ឲ្យ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។

22. ព្រះ‌បាទ​សូល​បញ្ជា​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។

23. ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។

24. ពួក​រាជ​បម្រើ​នាំ​ពាក្យ​សម្ដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។

25. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្ដេច​មិន​ចង់​បាន​បណ្ដា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ​រយ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះ‌បាទ​សូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។

26. ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិ‌សេក

27. លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះ‌រាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះ‌បាទ​សូល​ក៏​លើក​ព្រះ‌នាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 18