គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 18:1-14 Khmer Standard Version (KHSV)

1. ពេល​ដាវីឌ​និយាយ​ជា​មួយ​ព្រះ‌បាទ​សូល​ចប់​ហើយ សម្ដេច​យ៉ូណា‌ថាន​ក៏​ជំពាក់​ចិត្ត​នឹង​ដាវីឌ ហើយ​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។

2. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​សូល​ឃាត់​ដាវីឌ​ឲ្យ​នៅ​ជា​មួយ គឺ​ទ្រង់​មិន​ឲ្យ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។

3. សម្ដេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ទ្រង់​ស្រឡាញ់​ដាវីឌ ដូច​ខ្លួន​ឯង។

4. សម្ដេច​យ៉ូណា‌ថាន​បាន​ដោះ​អាវ​ធំ​របស់​សម្ដេច​មក​បំពាក់​ឲ្យ​ដាវីឌ ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្ដេច ឲ្យ​ដាវីឌ​ដែរ។

5. គ្រប់​សមរ‌ភូមិ​ដែល​ព្រះ‌បាទ​សូល​ចាត់​ឲ្យ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជា‌និច្ច។ ព្រះ‌បាទ​សូល​តែង‌តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ហើយ​ប្រជា‌ជន​ទាំង​មូល និង​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។

6. កាល​កង‌ទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យ‌តន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

7. ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីក‌រាយ​ថា៖«ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។

8. ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។

9. ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌បាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។

10. លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​ចូល​ក្នុង​ព្រះ‌បាទ​សូល បណ្ដាល​ឲ្យ​ស្ដេច​ទៅ​ជា​វិកល‌ចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះ‌បាទ​សូល​កាន់​លំពែង

11. ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។

12. ព្រះ‌បាទ​សូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។

13. ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ឲ្យ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែង‌តាំង​លោក​ជា​មេ‌ទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កង‌ទ័ព​ទៅ​ច្បាំង

14. ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យ‌ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 18