43. ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។
44. វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។
45. ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។
46. ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះអញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។
47. សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ប្រទានឲ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតព្រះអម្ចាស់ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។
48. ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។
49. ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។