25. ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសំឡុតពលទ័ពអ៊ីស្រាអែលយើង! អ្នកណាសម្លាប់វាបាន ស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរ»។
26. យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។
27. ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។
28. លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។
29. យុវជនដាវីឌឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។
30. ដាវីឌបែរចេញពីបង សួរទាហានម្នាក់ទៀតនូវសំណួរដដែលនោះ ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរ។
31. កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលដាវីឌនិយាយ គេក៏នាំគ្នាទៅទូលព្រះបាទសូល ហើយស្ដេចឲ្យគេទៅហៅដាវីឌមក។
32. ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។
33. ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចំបាំងតាំងពីក្មេងម៉្លេះ»។
34. ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ
35. ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រប់លើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។
36. ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។
37. ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។
38. ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។
39. ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល
40. ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
41. រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។