គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 17:23-38 Khmer Standard Version (KHSV)

23. ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។

24. កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

25. ទាហាន​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រា‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ»។

26. យុវជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុប‌លាង​ការ​អាម៉ាស់​របស់​អ៊ីស្រា‌អែល នឹង​ទទួល​រង្វាន់​អ្វី? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ដូច្នេះ?»។

27. ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។

28. លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។

29. យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

30. ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។

31. កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​សូល ហើយ​ស្ដេច​ឲ្យ​គេ​ទៅ​ហៅ​ដាវីឌ​មក។

32. ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។

33. ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។

34. ដាវីឌ​ទូល​ស្ដេច​សូល​ថា៖ «ទូលបង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូលបង្គំ ពេល​ណា​មាន​តោ ឬ​ខ្លា‌ឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ

35. ទូលបង្គំ​ចេញ​ទៅ​តាម​វា​ភ្លាម ទូលបង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ទូលបង្គំ ទូលបង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។

36. ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា‌ឃ្មុំ ដែល​ទូលបង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ»។

37. ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះ‌អង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។

38. ព្រះ‌បាទ​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវ‌ក្រោះ​ឲ្យ​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 17