គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 17:16-23 Khmer Standard Version (KHSV)

16. កូលី‌យ៉ាត​ជា​ជន‌ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រា‌អែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។

17. ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំប៉័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។

18. ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សម្គាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។

19. ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌បាទ​សូល និង​ពល​ទាហាន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។

20. យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។

21. ទាហាន​អ៊ីស្រា‌អែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។

22. ដាវីឌ​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។

23. ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 17