គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 17:1-11 Khmer Standard Version (KHSV)

1. ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។

2. រីឯ​ព្រះ‌បាទ​សូល និង​ទាហាន​អ៊ីស្រា‌អែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។

3. ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រា‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។

4. មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។

5. គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ‌ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ‌ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។

6. គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។

7. ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ‌ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។

8. គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំ‌បាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។

9. ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។

10. ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រា‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។

11. កាល​ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឮ​ពាក្យ​សម្ដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់‌ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 17