គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 16:8-20 Khmer Standard Version (KHSV)

8. លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

9. លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

10. លោក​អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ

11. តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។

12. លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។

13. លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។

14. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិល‌វល់​ស្មារតី។

15. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។

16. សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជា‌និច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។

17. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។

18. រាជ​បម្រើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់‌អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជា​មួយ​ដែរ»។

19. ព្រះ‌បាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម​ថា៖ «សូម​ឲ្យ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។

20. លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​សូល។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 16