គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 16:6-16 Khmer Standard Version (KHSV)

6. កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។

7. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។

8. លោក​អ៊ីសាយ​ហៅ​អប៊ី‌ណា‌ដាប់​ឲ្យ​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

9. លោក​អ៊ីសាយ​ឲ្យ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។

10. លោក​អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូ‌អែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ

11. តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។

12. លោក​អ៊ីសាយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។

13. លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។

14. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​បាន​ចាក​ចេញ​ពី​ព្រះ‌បាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពីព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ស្ដេច​វិល‌វល់​ស្មារតី។

15. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះ‌ជាម្ចាស់ បណ្ដាល​ឲ្យ​ព្រះ‌ករុណា​វិល‌វល់​ស្មារតី​ដូច្នេះ។

16. សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់‌ចាំ​ធ្វើ​តាម​បញ្ជា​ជា‌និច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះ‌ករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌ជាម្ចាស់​មក​សង្កត់​លើ​ព្រះ‌ករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​ឲ្យ​ព្រះ‌ករុណា​បាន​ធូរ​ស្រាល»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 16