គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 15:7-25 Khmer Standard Version (KHSV)

7. ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។

8. ស្ដេច​ចាប់​បាន​ព្រះ‌បាទ​អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ា‌ឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

9. តែ​ព្រះ‌បាទ​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។

10. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា

11. «យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។

12. លោក​សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។

13. កាល​លោក​សាំយូ‌អែល​ជួប​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ»។

14. លោក​សាំយូ‌អែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។

15. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​អស់​ហើយ»។

16. លោក​សាំយូ‌អែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។

17. លោក​សាំយូ‌អែល​ទូល​ថា៖ «ទោះ​បី​ព្រះ‌ករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់‌ទាប​ក្ដី ក៏​ព្រះ‌ករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ។

18. ព្រះ‌អម្ចាស់​ចាត់​ព្រះ‌ករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប‌សូន្យ​ទៅ”។

19. ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មិន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​យក​ជយ‌ភ័ណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ទៀត​ដូច្នេះ?»។

20. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន‌ជាតិ​អាម៉ា‌ឡេក​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ​ដែរ។

21. ពួក​ពល​ទាហាន​រើស​យក​ជយ‌ភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីល‌កាល់»។

22. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។

23. រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា​លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។

24. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។

25. ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 15