គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 14:8-19 Khmer Standard Version (KHSV)

8. សម្ដេច​យ៉ូណា‌ថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។

9. បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។

10. ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។

11. អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។

12. ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ»។

13. សម្ដេច​យ៉ូណា‌ថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណា‌ថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។

14. នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណា‌ថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។

15. ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។

16. ពួក​អ្នក​យាម‌ល្បាត​របស់​ស្ដេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលីស្ទីន​រត់​បែក‌ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស‌ទី​ដែរ។

17. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច។

18. ព្រះ‌បាទ​សូល​បញ្ជា​ទៅ​លោក​អហ៊ី‌យ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

19. ពេល​ព្រះ‌បាទ​សូល​កំពុង​តែ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ ការ​ច្របូក‌ច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះ‌បាទ​សូល​ក៏​ប្រាប់​លោក​បូជា‌ចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះ‌ជាម្ចាស់​ទៀត​ទេ»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 14