គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 14:3-14 Khmer Standard Version (KHSV)

3. រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​អហ៊ី‌ទូប ត្រូវ​ជា​បង‌ប្អូន​របស់​អ៊ីកា‌បុដ ជា​កូន​របស់​លោក​ភីនេ‌ហាស និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កង‌ទ័ព​ដឹង​ថា សម្ដេច​យ៉ូណា‌ថាន​ចេញ​ទៅ​ទេ។

4. ច្រក​ភ្នំ​ដែល​សម្ដេច​យ៉ូណា‌ថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។

5. ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីក‌ម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​កេបា។

6. សម្ដេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ ប្រហែល​ជា​ព្រះ‌អម្ចាស់​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ព្រះ‌អម្ចាស់​មិន​ឲ្យ​ប្រទាន​ជ័យ‌ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្ដី!»។

7. សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្ដេច​ចុះ! កុំ​បង្អង់​ឡើយ ទូលបង្គំ​ដើរ​តាម​ក្រោយ​សម្ដេច​ជា‌និច្ច»។

8. សម្ដេច​យ៉ូណា‌ថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ។

9. បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។

10. ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។

11. អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។

12. ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ»។

13. សម្ដេច​យ៉ូណា‌ថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណា‌ថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។

14. នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណា‌ថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 14