គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 13:7-13 Khmer Standard Version (KHSV)

7. មាន​ជន‌ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សូល​វិញ ទ្រង់​គង់​នៅ​គីល‌កាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។

8. ព្រះ‌បាទ​សូល​រង់‌ចាំ​ជួប​លោក​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។

9. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។

10. នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូ‌អែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។

11. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីក‌ម៉ាស់

12. នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។

13. លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 13