គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 13:10-18 Khmer Standard Version (KHSV)

10. នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូ‌អែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។

11. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីក‌ម៉ាស់

12. នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។

13. លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌ករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះ‌ករុណា​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះ‌ករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ព្រះ‌អម្ចាស់​ពង្រឹង​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ខាន។

14. ឥឡូវ​នេះ រាជ្យ​របស់​ព្រះ‌ករុណា​មិន​អាច​គង់‌វង្ស​ឡើយ ព្រះ‌អម្ចាស់​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌ករុណា​មិន​បាន​ធ្វើ​តាម​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​ទេ»។

15. លោក​សាំយូ‌អែល​ចាក​ចេញ​ពី​គីល‌កាល់​ឆ្ពោះ​ទៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ ព្រះ‌បាទ​សូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។

16. ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​កេបា ក្នុង​ស្រុក​បេន‌យ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីក‌ម៉ាស់។

17. ពេល​នោះ មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល

18. ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេត‌ហូ‌រ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំ‌ប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេ‌បោម ប៉ែក​ខាង​វាល​រហោ‌ស្ថាន។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 13