គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 13:1-12 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្ដេច​មាន​ព្រះ‌ជន្មាយុ…វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ​ហើយ

2. ព្រះ‌បាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ទ្រង់​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

3. ថ្ងៃ​មួយ សម្ដេច​យ៉ូណា‌ថាន​បាន​វាយ​ទី​តាំង​របស់​ជន‌ជាតិ​ភីលីស្ទីន​នៅ​ភូមិ​គីបៀរ ហើយ​ជន‌ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះ‌បាទ​សូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន‌ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។

4. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ទទួល​ដំណឹង​ថា ព្រះ‌បាទ​សូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ជន‌ជាតិ​ភីលីស្ទីន​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ប្រជា‌ជន​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំ‌វិញ​ព្រះ‌បាទ​សូល នៅ​គីល‌កាល់។

5. ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​មាន​រទេះ​ចំបាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីក‌ម៉ាស់ ខាង​កើត​បេត‌អាវេន។

6. កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។

7. មាន​ជន‌ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សូល​វិញ ទ្រង់​គង់​នៅ​គីល‌កាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។

8. ព្រះ‌បាទ​សូល​រង់‌ចាំ​ជួប​លោក​សាំយូ‌អែល អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីល‌កាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។

9. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព មក​ឲ្យ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។

10. នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូ‌អែល​អញ្ជើញ​មក​ដល់។ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជម្រាប​សួរ​លោក។

11. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌ករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះ‌បាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីក‌ម៉ាស់

12. នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីល‌កាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 13