គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 12:13-22 Khmer Standard Version (KHSV)

13. ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ!

14. ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្ដេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។

15. ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ដាក់​ទោស​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ដែរ។

16. ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។

17. ពេល​នេះ​ជា​រដូវ​ចម្រូត​មែន ឬ​ទេ? ខ្ញុំ​នឹង​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​សុំ​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។

18. លោក​សាំយូ‌អែល​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជា‌ជន​ទាំង​មូល​ស្ញែង​ខ្លាច​ព្រះ‌អម្ចាស់ និង​លោក​សាំយូ‌អែល​យ៉ាង​ខ្លាំង។

19. ប្រជា‌ជន​ទាំង​នោះ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាម‌ទារ​សុំ​ឲ្យ​មាន​ស្ដេច»។

20. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។

21. កុំ​ងាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្ដល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។

22. ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះ‌អង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 12