គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 12:1-13 Khmer Standard Version (KHSV)

1. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។

2. អំណើះ​ត​ទៅ ស្ដេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

3. ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​ចំពោះ​ស្ដេច ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិ‌សេក​ចុះ ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង‌ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្ដោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។

4. ប្រជា‌ជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេង‌ប្រវ័ញ្ច​សង្កត់‌សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។

5. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី ហើយ​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិ‌សេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះ‌អង្គ​ជា​សាក្សី!»។

6. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដើម្បី​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

7. ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

8. ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។

9. ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះ‌អង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​នៅ​ក្រុង​ហា‌សោរ ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ជន‌ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ។

10. ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់​ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អា‌ស្ដារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អង្គ​វិញ”។

11. ព្រះ‌អម្ចាស់​ក៏​ចាត់​លោក​យេរូ‌បាល លោក​បេដាន លោក​យ៉ែប‌ថា និង​ខ្ញុំ សាំយូ‌អែល ឲ្យ​មក។ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

12. ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌បាទ​ណា‌ហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំ‌ម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាម‌ទារ​ឲ្យ​ខ្ញុំ​តែង‌តាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។

13. ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះ‌អម្ចាស់​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ!

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 12