គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 10:3-13 Khmer Standard Version (KHSV)

3. ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំប៉័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។

4. ពួក​គេ​នឹង​នាំ​គ្នា​មក​ជម្រាប​សួរ​លោក ហើយ​ជូន​នំប៉័ង​ពីរ​ដុំ​មក​លោក។ លោក​នឹង​ទទួល​យក​នំប៉័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។

5. បន្ទាប់​មក លោក​ទៅ​ដល់​គីបា-‌អេឡូ‌អ៊ីម ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះ‌ជាម្ចាស់។

6. ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។

7. កាល​ណា​លោក​ឃើញ​ទី​សម្គាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​លោក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ហើយ។

8. បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីល‌កាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព*។ លោក​ត្រូវ​រង់‌ចាំ​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជម្រាប​លោក អំពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ»។

9. ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ ព្រះ‌ជាម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។

10. កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ព្យាកា‌រី​មួយ​ក្រុម​មក​ជួប​លោក។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ក្នុង​ចំណោម​ពួក​ព្យាការី។

11. អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។

12. មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។

13. កាល​លោក​សូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 10