គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 10:14-25 Khmer Standard Version (KHSV)

14. ឪពុក​មា​របស់​លោក​សូល​សួរ​លោក និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាំយូ‌អែល»។

15. ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។

16. លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជ‌សម្បត្តិ ដែល​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។

17. លោក​សាំយូ‌អែល​បាន​កោះ​ហៅ​ប្រជា‌ជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីស‌ប៉ា។

18. លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា “អ៊ីស្រា‌អែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា”។

19. ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះ‌អង្គ​ថា “សូម​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។

20. លោក​សាំយូ‌អែល​ប្រាប់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

21. បន្ទាប់​មក លោក​ឲ្យ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។

22. គេ​ក៏​ចូល​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។

23. គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន។ លោក​មាន​កំពស់​ខ្ពស់​ជាង​គេ គឺ​ប្រជា‌ជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។

24. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជយ‌ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា‌ក្សត្រ!»។

25. លោក​សាំយូ‌អែល​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច រួច​លោក​កត់‌ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រាប់​ឲ្យ​ប្រជា‌ជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​រៀងៗ​ខ្លួន​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 10