គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 1:9-18 Khmer Standard Version (KHSV)

9. ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។

10. នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។

11. នាង​ទូល‌អង្វរ​ព្រះ‌អង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។

12. នាង​ហាណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។

13. នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កំរើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។

14. លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។

15. នាង​ហាណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ព្រះ‌អម្ចាស់​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។

16. សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះ‌អង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។

17. លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។

18. នាង​ហាណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សម្តែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់‌បស់​ឡើង​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 1