គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 1:19-27 Khmer Standard Version (KHSV)

19. លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។លោក​អែលកា‌ណា​រួម​រស់​ជា​មួយ​នាង​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌អម្ចាស់​ក៏​នឹក​ឃើញ​នាង។

20. នៅ​ឆ្នាំ​នោះ នាង​ហាណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះ‌អម្ចាស់»។

21. ក្រោយ​មក លោក​អែលកា‌ណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។

22. ប៉ុន្តែ នាង​ហាណា​ពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​កូន​ខ្ញុំ​ផ្ដាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។

23. លោក​អែលកា‌ណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ»។ នាង​ហាណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។

24. លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។

25. គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។

26. នាង​ហាណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។

27. នាង​ខ្ញុំ​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​សូម​ឲ្យ​មាន​កូន ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 1