គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 1:1-14 Khmer Standard Version (KHSV)

1. មាន​បុរស​ម្នាក់​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-‌សូភីម ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ‌ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ‌លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

2. បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។

3. រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​បូជា‌ចារ្យ​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។

4. នៅ​ថ្ងៃ​ថ្វាយ​យញ្ញ‌បូជា លោក​អែល‌កាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។

5. ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។

6. នាង​ពេនីណា ជា​គូ‌វិវាទ តែងតែ​រុក‌គួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹង​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។

7. នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណា​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុក‌គួន​នាង​ជា‌និច្ច ធ្វើ​ឲ្យ​នាង​ហាណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។

8. ពេល​នោះ លោក​អែលកា‌ណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។

9. ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះ‌វិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជា‌ចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។

10. នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ព្រះ‌អម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។

11. នាង​ទូល‌អង្វរ​ព្រះ‌អង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។

12. នាង​ហាណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។

13. នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កំរើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។

14. លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 1