គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 9:29-44 Khmer Standard Version (KHSV)

29. អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។

30. ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។

31. លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចំអិន​ដោយ​ប្រើ​ពុម្ព។

32. រីឯ​បង‌ប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។

33. ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។

34. នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

35. រីឯ​លោក​យេហ៊ី‌អែល ជា​អ្នក​សង់​ក្រុង​គីបៀន រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់ ឈ្មោះ​ម៉ាកា។

36. កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប

37. កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។

38. លោក​មីក‌ឡូត​ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

39. លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។

40. កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីប-‌បាល ហើយ​លោក​មេរីប-‌បាល​ជា​ឪពុក​របស់​លោក​មីកា។

41. កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក និង​ថាក់រា។

42. លោក​អហាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា លោក​យ៉ារ៉ា ជា​ឪពុក​របស់​លោក​អលេ‌មេត លោក​អលេ‌មេត​ជា​ឪពុក​របស់​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា

43. លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា លោក​អេលេ‌សា​ជា​ឪពុក​របស់​លោក​អសេល។

44. លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរី‌កាំ បូករូវ អ៊ីស្មា‌អែល ស្អារ៉ា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 9