គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 5:11-25 Khmer Standard Version (KHSV)

11. ពូជ‌ពង្ស​របស់​លោក​កាដ រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាល‌កា។

12. លោក​យ៉ូ‌អែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់​នៅ​ស្រុក​បាសាន។

13. បង‌ប្អូន​ពួក​គេ​ប្រាំ‌ពីរ​នាក់​ទៀត​មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ ដូច​ត​ទៅ: គឺ មី‌កែល មស៊ូ‌ឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ី‌អា និង​ហេប៊ើរ។

14. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប៊ី‌ហែល។ លោក​អប៊ី‌ហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី​ជា​កូន​របស់​លោក​យ៉ារ៉ូ‌អា លោក​យ៉ារ៉ូ‌អា​ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មី‌កែល លោក​មីកែល​ជា​កូន​របស់​លោក​យេស៊ី‌សាយ លោក​យេស៊ី‌សាយ​ជា​កូន​របស់​លោក​យ៉ាដោ លោក​យ៉ាដោ ជា​កូន​របស់​លោក​ប៊ូស។

15. លោក​អហ៊ី​ជា​កូន​របស់​លោក​អ័ប‌ឌាល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

16. អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ​ក្រុង​សារុន រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​គេ។

17. អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជា‌ជន នៅ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ជា​ស្ដេច​ស្រុក​យូដា និង​រជ្ជ‌កាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

18. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន​៤៤ ៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច​ក្លា‌ហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចំបាំង។

19. ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ហាកា‌រេន យេធើរ ណាភីស និង​ណូដាប់។

20. នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជំនះ​លើ​កង‌ទ័ព​ហាកា‌រេន និង​បក្ស​ពួក។

21. ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន​អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។

22. ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

23. កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។

24. រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាស‌រាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

25. ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ​ត្រង់​នឹង​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 5