គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 5:1-12 Khmer Standard Version (KHSV)

1. នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។

2. រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង‌ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្ដេច​ដែល​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល។

3. កូន​របស់​លោក​រូបេន ដែល​ត្រូវ​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។

4. រីឯ​កូន​ចៅ​របស់​លោក​យ៉ូ‌អែល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: គឺ​សេម៉ា-‌យ៉ា កុក ស៊ីម៉ាយ

5. មីកា រីអា‌យ៉ា បាល

6. និង​បេរ៉ា​ដែល​ត្រូវ​ព្រះ‌ចៅ​ទីកឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ។ លោក​បេរ៉ា​ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​រូបេន។

7. បង‌ប្អូន​របស់​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី‌រាយ​នាម តាម​អំបូរ តាម​វង្ស​ត្រកូល​ដូច​ត​ទៅ: អ្នក​ទី​មួយ​គឺ​លោក​យីអែល បន្ទាប់​មក លោក​សាកា‌រី

8. លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅ‌ទួត​របស់​លោក​យ៉ូ‌អែល។កុល‌សម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​ក្រុង​នេបូ និង​បាល-‌មេយ៉ូន។

9. នៅ​ទិស​ខាង​កើត ពួក​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​វាល​រហោ‌ស្ថាន ដ្បិត​គេ​មាន​ហ្វូង​សត្វ​ជា​ច្រើន​នៅ​ស្រុក​កាឡាដ។

10. នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន‌ជាតិ​ហាកា‌រេន ហើយ​គ្រប់‌គ្រង​លើ​ជន‌ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។

11. ពូជ‌ពង្ស​របស់​លោក​កាដ រស់​នៅ​ក្បែរ​ពូជ‌ពង្ស​របស់​រូបេន ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាល‌កា។

12. លោក​យ៉ូ‌អែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់​នៅ​ស្រុក​បាសាន។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 5