គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 29:1-7 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់។

2. ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។

3. មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់

4. គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។

5. ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។

6. ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

7. ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 29